មិនធម្មតា! សៀមរាបជាប់ចំណាត់ថ្នាក់ជាទិសដៅទេសចរណ៍ពេញនិយមបំផុតទី៤នៅក្នុងពិភពលោក
ខេត្តសៀមរាប នៃប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមទិសដៅទេសចរណ៍ពេញនិយមបំផុតផ្សេងទៀតចំនួន១០ នៅក្នុងពិភពលោក។ នេះបើយោងតាម Trip Advisor ដែលជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍អនឡាញ ដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក។
ក្នុងរបាយការណ៍ទិសដៅពេញនិយមបំផុតរបស់ TripAdvisor សម្រាប់ឆ្នាំ២០២៣ ដែលចេញផ្សាយនាពេលថ្មីៗនេះ បានបង្ហាញថា ប្រទេសគុយបាជាប់ចំណាត់ថ្នាក់នាំមុខគេ
តាមដោយទីក្រុង Hoi An របស់វៀតណាមស្ថិតនៅលំដាប់ទី២ ប្រទេស Mauritius ជាប់ចំណាត់ថ្នាក់លេខ៣ ហើយខេត្តសៀមរាប របស់ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៤ នាំមុខខេត្តឈៀងម៉ៃរបស់ប្រទេសថៃ។
ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃដោយផ្អែកលើការពិនិត្យរបស់អ្នកប្រើប្រាស់ TripAdvisor ចំនួនរាប់លាននាក់ ដែលបានបង្ហាញចំណាប់អារម្មណ៍ចង់ទៅទស្សនាគោលដៅពេញនិយមបំផុត
នៅក្នុងពិភពលោក ក៏ដូចជាកន្លែងដែលមានការចាប់អារម្មណ៍ ក្នុងការរៀបចំផែនការធ្វើដំណើរ។
ក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣បានលើកឡើងថា ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសក្តានុពលវិស័យទេសចរណ៍ ក្រៅពីប្រាសាទ សៀមរាបមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតដែលរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ
និងអន្តរជាតិ ជាពិសេសការកម្សាន្តពេលរាត្រីក្រោយពីការទស្សនាអស់រយៈពេលពេញមួយថ្ងៃមក ទីនោះគឺ PUB Street ដែលជាទីកន្លែងមួយដែលផ្តល់នៅអារម្មណ៍រីករាយ សប្បាយ និងញាំម្ហូបអាហារ ភេសជ្ជៈ អមដោយតន្រ្តីដ៏ពិរោះផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយកាលពីសប្តាហ៍មុន បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង ១០៥ ៤០០នាក់ ក្នុងនោះជាង ១៥ ៤០០នាក់ ជាជនបរទេស៕