ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប កំពុងស្ថិតក្នុងដំណាក់កាលស្នើសុំវិនិយោគពីក្រុមហ៊ុនឯកជនចំនួន៤
ក្រុមហ៊ុនឯកជនចំនួន៤ កំពុងស្នើសុំធ្វើការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ស្របពេលក្រសួងកំពុងចរចាស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដោយចំណាយថវិកាជិត ១៧០០លានដុល្លារ។
ក្រោយបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៤ បានស្នើមកក្រសួងសាធារណ ការ ដើម្បីធ្វើការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។
ឯកឧត្តមបញ្ជាក់ថា «ក្រៅពីផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក៏មានក្រុមហ៊ុន ចំនួន៤ បានស្នើសុំសិទ្ធិសិក្សាធ្វើផ្លូវល្បឿនលឿន ភ្នំពេញ ទៅសៀមរាប។ ប៉ុន្ដែលទ្ធផលនេះ មិនទាន់ផ្ដល់ជូនមកក្រសួងនៅឡើយទេ តែឯកឧត្តមជឿជាក់ថា ថ្ងៃមុខយើងនឹងមាន ផ្លូវល្បឿនលឿន ភ្នំពេញ ទៅសៀមរាប ១ខ្សែដូចភ្នំពេញ-ក្រុងព្រះសីហនុ។
បើតាមអ្នកជំនាញសេដ្ឋកិច្ចវិញ លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃ មជ្ឈមណ្ឌល សិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានផ្តល់ កិច្ចសម្ភាសន៍ថា លោកយល់ថា កម្ពុជា គួរតែមានផ្លូវល្បឿនលឿនបែបនេះ បន្ថែមទៀត
ជាពិសេស គឺផ្លូវល្បឿនលឿនទៅខេត្តជាប់ព្រំដែន កម្ពុជាវៀតណាម កម្ពុជាថៃ និងកម្ពុជាឡាវ ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងទំនិញពីរោងចក្រសហគ្រាសទៅកាន់ ទីផ្សារអន្តរជាតិ កាន់តែងាយស្រួល និងមានតម្លៃធូរថ្លៃជាងមុន ហើយលោកបណ្ឌិត ក៏ចង់ឃើញរដ្ឋាភិបាល កែសម្រួលផ្លូវដែកឡើងវិញឱ្យមានភាពល្អប្រសើរផងដែរ ព្រោះអាចធ្វើឱ្យតម្លៃដើមនៃដឹកជញ្ជូន មានតម្លៃទាប។
គួររំលឹកដែរថា ថ្មីៗនេះកម្ពុជាទើបនឹងបើកឱ្យដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា មានប្រវែង ១៦៨គីឡូម៉ែត្រ ចំណាយ ថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារ។
បច្ចុប្បន្នក៏ បាន និងកំពុងសិក្សា សាងសង់ ផ្លូវល្បឿនទី២ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតផងដែរ ដែលមានប្រវែង ១៣៨ គីឡូម៉ែត្រ គ្រោងចំណាយទឹកប្រាក់ ១៧០០លានដុល្លារ ខណៈគម្រោងនេះអាចនឹងបើកការដ្ឋានសាង សង់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ៕